គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សក្ខីភាព :​ «ប៉េប៉េអឹម និងខ្ញុំ គឺជាការឡើងតំណែងយ៉ាងពិតប្រាកដ»

កាលបរិច្ឆេទ: ១០ ឧសភា ២០២២ / សុខភាព

វេជ្ជបណ្ឌិត DOUKOURE Thierno Ismael មកពីភ្នាក់ងារចែកចាយឱសថ Promopharm នៅប្រទេសហ្គីណេចង់ចែករម្លែកប្រវត្តិការងាររបស់លោកនៅសហគ្រាសផលិតឱសថប៉េប៉េអឹមទៅដល់ក្រុមការងារជំនាន់ក្រោយនៅសហគ្រាស។

«ប្រវត្តិការងារដ៏វែងអន្លាយមួយនេះដែលខ្ញុំដាក់ចំណងជើងថា «ប៉េប៉េអឹម និងខ្ញុំ គឺជាការឡើងតំណែងយ៉ាងពិតប្រាកដ» ចាប់ផ្តើមដំបូងនៅឆ្នាំ២០០៥។ កាលណោះរូបខ្ញុំធ្វើការជាជំនួយការម្នាក់នៅឱសថស្ថាន។ ថ្ងៃមួយលោកវេជ្ជបណ្ឌិត Sampou ប្រធានភ្នាក់ងារចែកចាយឱសថ Promed Pharma បានទាក់ទងខ្ញុំចង់ឲ្យខ្ញុំទៅធ្វើការជាមួយលោកក្នុងនាមជាអ្នកចែកចាយឱសថ។ កាលណោះ ខ្ញុំពុំទាន់មានបទពិសោធន៍អ្វីក្នុងផ្នែកនេះទេ ប៉ុន្តែខ្ញុំឧស្សាហ៍ចូលរួមស្តាប់ភ្នាក់ងារចែកចាយឱសថធំៗ ហើយខ្ញុំកោតសរសើរពួកគាត់មែនទែន នៅពេលដែលពួកគាត់ណែនាំផលិតផលឱសថម្តងៗ។ ដូច្នេះ ខ្ញុំឆ្លើយតបទៅសំណើរបស់លោកវេជ្ជបណ្ឌិត Sampou ដោយឥតរារែក។ ក្រោយពីបានចំណាយពេលប៉ុន្មានថ្ងៃអានព័ត៌មានទាក់ទិននឹងផលិតផល(ថ្នាំ Diaryl, ថ្នាំ Gynomax, ថ្នាំ Carbotoux, ថ្នាំ Allergyl, ថ្នាំ Panol, ថ្នាំ Caltoux…) អានពីជំងឺផ្សេងៗដែលត្រូវប្រើថ្នាំទាំងអស់នេះ និងបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរសប្តាហ៍ហើយ​ ខ្ញុំក៏ត្រូវបានជ្រើសរើសឲ្យចូលធ្វើការក្នុងនាមជាកម្មសិក្សាការី ហើយលោកវេជ្ជបណ្ឌិត Diallo គឺជាអ្នកមើលការខុសត្រូវលើរូបខ្ញុំ។ ធម្មតាទេសម្រាប់អ្នកទើបតែចូលធ្វើការដូចជារូបខ្ញុំ នៅប៉ុន្មានសប្តាហ៍ដំបូង គឺមានការលំបាកបន្តិច ព្រោះខ្ញុំនៅភ័យៗនៅឡើយ។ ប៉ុន្តែមិនយូរប៉ុន្មាន ការស្រេកឃ្លានចង់ចេះចង់រៀន ចំណង់ចង់ទទួលបានជោគជ័យ និងចង់សម្រេចផែនការគឺវាខ្លាំងជាងការភ័យខ្លាចរបស់ខ្ញុំទៅទៀត។ ខ្ញុំជាមនុស្សដែលចូលចិត្តបទបង្ហាញដែលល្អ អ៊ីចឹងហើយបានជាខ្ញុំចំណាយពេលដើម្បីស្វែងយល់ពីផលិតផលរបស់ខ្ញុំ ពីប្រភេទជំងឺផ្សេងៗ និងស្វែងយល់ពីដៃគូប្រជែងរបស់ខ្ញុំ។

នៅឆ្នាំ២០០៦ ខ្ញុំក៏ក្លាយជាភ្នាក់ងារចែកចាយឱសថ។ នៅក្នុងការធ្វើបទបង្ហាញរបស់ខ្ញុំ។ ខ្ញុំទទួលបានការលើកទឹកចិត្ត ដោយសារតែគ្រូពេទ្យបានប្រាប់មកខ្ញុំវិញពីប្រសិទ្ធភាពនៃផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម។ ដូច្នេះខ្ញុំមានអំណះអំណាងបន្ថែមទៀតគឺ ប្រសិទ្ធភាព និងតម្លៃសមរម្យរបស់ផលិតផល ដែលអាចឲ្យខ្ញុំជួបទំនាក់ទំនងជាមួយមណ្ឌលសុខភាពតូចធំដែលអាចក្លាយជាអតិថិជនរបស់សហគ្រាស និងអាចឲ្យខ្ញុំសម្រេចផែនការលក់បានយ៉ាងងាយស្រួលជាងមុន។ គ្រូពេទ្យមួយចំនួននិយាយលេងថា សហគ្រាសរបស់យើងពិតជាឆ្លាតមែនដែលនឹកឃើញជ្រើសរើសដាក់ឈ្មោះថ្នាំឲ្យស្រដៀងគ្នាទៅនឹងប្រភេទជំងឺ ឧទាហរណ៍ ថ្នាំ Diaryl សម្រាប់ព្យាបាលជំងឺ Diarrhée (ជំងឺរាករូស) ថ្នាំ Carbotoux និងថ្នាំ ​Caltoux សម្រាប់ព្យាបាលជំងឺ Toux (ជំងឺក្អក) និងថ្នាំ Allergyl សម្រាប់ព្យាបាលជំងឺ Allergie (ជំងឺអាលែហ្ស៊ី)ជាដើម។

កិច្ចសហប្រតិបត្តិការរបស់ខ្ញុំជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹមអាចឲ្យខ្ញុំធ្វើការចែកចាយឱសថនៅស្ទើរតែគ្រប់ខេត្តក្រុងទាំង២៣នៅប្រទេសរបស់ខ្ញុំ​ លើកលែងតែតំបន់មួយចំនួនដែលមានសក្កានុពលខ្សោយប៉ុណ្ណោះ។ វត្តមានផលិតផលរបស់ខ្ញុំ និងការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ផលិតផលទាំងនោះដែលបានរីកសុះសាយគ្រប់ទីកន្លែង ធ្វើឲ្យខ្ញុំទទួលបានកិត្តិនាមថាជាសត្វស្រមោចដែលមានវត្តមាននៅគ្រប់ទីកន្លែង។

លុះមកដល់ឆ្នាំ២០១២ ខ្ញុំក៏បានទទួលតំណែងជាអ្នកគ្រប់គ្រងភ្នាក់ងារចែកចាយឱសថ។ ដោយសារវគ្គបណ្តុះបណ្តាលដែលខ្ញុំទទួលបានជាច្រើនក្នុងឱកាសសិក្ខាសាលាដែលរៀបចំឡើងដោយសហគ្រាសផលិតឱសថប៉េប៉េអឹម (នៅទីក្រុងដាកា នៅទីក្រុងបាម៉ាកូ ទីក្រុងទុយនីស ទីក្រុងឌូបៃជាដើម) ស្តីពីបច្ចេកទេសទំនាក់ទំនង ពីផលិតផល និងប្រភេទជំងឺ ខ្ញុំក៏បានក្លាយជាអ្នកគ្រប់គ្រងទទួលបន្ទុកខាងរៀបចំវគ្គបណ្តុះបណ្តាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។

ជាមួយនឹងសហគ្រាសផលិតឱសថប៉េប៉េអឹមដដែលនេះ ខ្ញុំក៏បានបើកក្រុមហ៊ុនចែកចាយឱសថផ្ទាល់ខ្លួនឈ្មោះ Promopharm Guinée ចាប់តាំងពីឆ្នាំ២០១៧មក។ វិវត្តខ្លួនពីកម្មសិក្សាការីរហូតក្លាយជាប្រធានក្រុមហ៊ុនចែកចាយឱសថឲ្យសហគ្រាសផលិតឱសថប៉េប៉េអឹម ខ្ញុំយល់ថាវាគួរឲ្យចែករម្លែកបទពិសោធមួយនេះទៅដល់យុវជនជំនាន់ក្រោយ ដើម្បីលើកទឹកចិត្តពួកគេឲ្យមានកម្លាំងចិត្តធ្វើការជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគ្រាសផលិតឱសថប៉េប៉េអឹមតាមរយៈលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង និងលោកស្រី Coumba DIALLO ព្រមទាំងលោកវេជ្ជបណ្ឌិត Sampou ដែលបានជ្រើសរើសរូបខ្ញុំឲ្យចូលបម្រើការងារ និងបានបង្ហាត់បង្រៀនដល់រូបខ្ញុំផងដែរ៕